ជំហាន​នៃ​​ការ​ស្រាវជ្រាវ​ថ្មី​ពី​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អាមេរិក​ ​បាន​ទស្សន៍ទាយ​ថា តាម​រយៈ​ប្រព័ន្ធ​កុំព្យូទ័រ​នឹង ​អាច​ឱ្យ​គេ​សន្និដ្ឋាន​បាន​អំពី​សាច់​រឿង​នៅ​ក្នុង​​សុបិន​របស់​មនុស្ស​ ដោយ​ពឹង​ផ្អែក​លើ​រលក​សកម្មភាព​របស់​ខួរក្បាល។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​គេហទំព័រ​ foxnews ថ្មីៗ​កន្លង​ទៅ។

ការ ​ស្រាវជ្រាវ​កន្លង​ទៅ​បាន​រក​ឃើញ​ថា សកម្មភាព​ខួរ​ក្បាល​របស់​មនុស្ស​អាច​ឱ្យ​គេ​មើល​ដឹង​ពី​អ្វី​ដែល​គេ​កំពុង​ គិត។​ ឆ្លង​តាម​ការ​វាស់​ស្ទង់​ពី​សកម្មភាព​របស់​ខួរក្បាល​មនុស្ស​ខណៈ​ពេល​ ស្ទុះ​ភ្ញាក់​ពី​ដំណេក​ភ្លាមៗ ក្រោយ​ពី​ជួប​ហេតុការណ៍​ដ៏​តក់​ស្លុត ឬ​រំភើប​អ្វី​មួយ​នៅ​ក្នុង​សុបិន​នោះ អាច​ឱ្យ​គេ​កំណត់​បាន​ត្រឹមត្រូវ​ទៅ​តាម​ការ​យល់​សុបិន ជាក់​ស្ដែង​ដូច​ជា ពាក្យ​គន្លឹះ​ណា​មួយ​ដែល​ភ្លាត់​មាត់​ចេញ​ពី​សុបិន។
លោក Masako Tamaki អ្នក​ជំនាញ​ផ្នែក​សរសៃ​ប្រសាទ​មក​ពី​សាកលវិទ្យាល័យ Brown បាន​លើកឡើង​ថា “យើង​ទាំង​អស់​គ្នា​ស្ទើរតែ​មិន​បាន​ដឹង​អំពី​ដំណើរការ​នៃ​ការ​យល់​សុបិន​ នោះ​ទេ។ ការ​ប្រើ​វិធីសាស្ត្រ​នេះ នឹង​អាច​ឱ្យ​យើង​ដឹង​អំពី​រឿង​ហេតុ​ឬ​ព្រឹត្តិការណ៍​ដែល​កើត​មាន​ក្នុង​ សុបិន”។
បើ​តាម​របាយការណ៍​បាន​ចុះផ្សាយ​នៅ​លើ Journal Science ពី​ពេល​កន្លង​ទៅ​បាន​លើកឡើង​ថា មនុស្ស​ពេញវ័យ​ប្រមាណ ៨០% ធ្លាប់​ទទួល​បទ​ពិសោធន៍​យល់​សុបិន​អាក្រក់​ថប់​បារម្ភ, សេចក្ដី​ខ្លាច​តក់​ស្លុត យ៉ាង​ហោច​ណាស់​ក៏​ម្ដង​ដែរ​ក្នុង​ឆ្នាំ។ អ្នក​វិទ្យាសាស្ត្រ​មាន​ក្ដី​ស្រមៃ​ថា​នឹង​អាច​មើល​ដឹង​ឬ​អាច​រក​ឃើញ​អំពី​ ទិដ្ឋភាព ឬ​សកម្មភាព​ដែល​កើត​មាន​នៅ​ក្នុង​ការ​យល់​សុបិន​បាន​កម្រិត​ខ្ពស់​។

តែ ​ទោះ​ជា​យ៉ាង​ណា នេះ​ត្រឹម​ជា​ជំហាន​សាកល្បង​ក្នុង​ការ​សិក្សាស្រាវជ្រាវ​អំពី​ការ​គាស់​​ កកាយ​រឿងរ៉ាវ​នៅ​ក្នុង​ការ​យល់​សុបិន​ប៉ុណ្ណោះ។ អ្នក​វិទ្យាសាស្ត្រ​នឹង​បន្ត​ធ្វើ​វា​ឱ្យ​មាន​លក្ខណៈ​កាន់​តែ​សុក្រឹត​ ត្រឹមត្រូវ​ជាង​នេះ​នៅ​ពេល​អនាគត​ខាង​មុខ។
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ foxnews